ក្រសួងការពារជាតិកម្ពុជា អះអាងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធជាដាច់ខាត ប៉ុន្តែត្រូវតែដោះស្រាយដោយបច្ចេកទេស និងច្បាប់អន្តរជាតិ ខណៈកម្ពុជាប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ សីហា នេះថា គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា គឺរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។
ប្រភពដដែលបន្តថា កម្ពុជាក៏សង្ឃឹមថាភាគីថៃ នឹងប្រកាន់គោលជំហរដោយភាពស្មោះត្រង់ដែរ ក្នុងការឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នា ដើម្បីស្ដារមកវិញនូវសន្តិភាព ប្រក្រតីភាព និងពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
ក្រសួងការពារជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់នោះ ចេញឲ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។
កាលពីថ្ងៃទី១០ ខែសីហា សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ របស់ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថា លោកសូមសន្យាជាមួយរដ្ឋាភិបាល និងប្រជាជនថៃ ថា ខ្លួននឹងទាមទារយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ឱ្យបានក្នុងពេលដ៏ខ្លីខាងមុខ មុនចូលនិវត្តន៍នៅដើមខែតុលា ឆ្នាំ២០២៥ នេះ។
មេបញ្ជាការថៃ រូបនេះអះអាងថា នៅសល់តែ ៥១ថ្ងៃទៀតប៉ុណ្ណោះ លោកនឹងចូលនិវត្តន៍ហើយ ដូច្នេះក្នុងរយៈពេល ១ខែ ២១ថ្ងៃនេះ លោកនឹងខិតខំទាមទារយកប្រាសាទតាក្របី មកគ្រប់គ្រងដោយកងទ័ពថៃ វិញឱ្យបាន ហើយនឹងបិទប្រាសាទតាមាន់ធំ ឱ្យបានថែមទៀត។
មេយោធាភូមិភាគ២ របស់ថៃ រូបនេះ អះអាងថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃជាមួយកងទ័ពកម្ពុជា យោធាថៃ បានប្រឹងវាយដណ្តើមកាន់កាប់ប្រាសាទតាក្របី យ៉ាងខ្លាំងក្លាបំផុតចំនួន ៤លើក ដោយប្រើរយៈពេល ៤ថ្ងៃ ចេញពីសមរភូមិប្រយុទ្ធចំនួន ១១កន្លែង ប៉ុន្តែត្រូវបរាជ័យ ដោយសារកងទ័ពកម្ពុជាទប់ទល់ជាប់ ដែលក្នុងនោះក៏មានចម្ការមីនផងដែរ។
ក្រោយការអះអាងរបស់ថៃ បានប៉ុន្មានម៉ោង ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានទាំងយប់ថ្ងៃទី១០ ខែសីហា ថា យោងតាមការអះអាងរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ រូបនេះ គឺជាភស្តុតាងមិនអាចប្រកែកបានក្នុងការបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
កាលពីថ្ងៃទី៧ ខែសីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលបានព្រមព្រៀងគ្នាលើលក្ខខណ្ឌចំនួន ១៣ចំណុច ដើម្បីធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី១១ សីហា នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី អំពាវនាវឱ្យថៃ អនុវត្តឱ្យបានពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ ក្រសួងការបរទេសកម្ពុជា សង្ឃឹមថា ភាគីថៃ នឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ៕
