រដ្ឋាភិបាលបារាំង ប្រកាសគាំទ្រប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានដែលស្វែងរកដំណោះស្រាយជម្លោះតំបន់ដោយសន្តិវិធីជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ។
ស្ថានទូតបារាំងប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ សីហា នេះថា ប្រទេសបារាំង សូមសម្ដែងនូវការសាទរចំពោះការប្រកាសកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ដែលជាការបញ្ជាក់បន្ថែមលើការគោរពបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ហើយក៏ជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរដែរ។
ប្រភពដដែលអះអាងថា ប្រទេសបារាំង កោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការកាត់បន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
ប្រទេសបារាំង បញ្ជាក់ថា បទឈប់បាញ់កម្ពុជា-ថៃ គឺជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរតទៅមុខទៀត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលទាហានថៃ នៅតែបន្តឈ្លានពានចូលទឹកដីកម្ពុជា ដោយរំលោភបំពានបទឈប់បាញ់ជាបន្តបន្ទាប់នាពេលនេះ។
កាលពីថ្ងៃទី១០ ខែសីហា មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ធំ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានប្រាប់ក្រុមអនុព័ន្ធយោធាបរទេសថា ថៃបន្តរំលោភបំពានបទឈប់បាញ់ ដោយក្នុងនោះពួកគេបានសាងសង់លេណដ្ឋាននៅលើប្រាសាទតាមាន់ធំ និងដាក់របងលួសក្នុងប្រាសាទថែមទៀត។
មេបញ្ជាការរូបនេះបន្ថែមថា យោធាថៃ ក៏បានប្រើប្រាស់គ្រាប់ចំពាមកៅស៊ូបាញ់លើកងទ័ពកម្ពុជាចំនួន ១០០គ្រាប់ផងដែរ កាលពីយប់ថ្ងៃទី៩ ខែសីហា ចូលលេណដ្ឋានទាហានខ្មែរ ខណៈទាហានខ្មែរបានត្រឹមរាយការណ៍ករណីនេះទៅថ្នាក់លើប៉ុណ្ណោះ តែមិនមានការតបតអ្វីឡើយ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ សីហា នេះថា បើនិយាយពីភាពឃោរឃៅ យោធាថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ តំបន់ជនស៊ីវិលរស់នៅ ប្រើគ្រាប់បែកចង្កោម និងផ្សែងពុល ដែលនាំឱ្យប៉ះពាល់សុខភាព និងការរស់នៅរបស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា យោធាខ្មែរបានត្រឹមតែការពារខ្លួន និងទប់ស្កាត់មិនឱ្យសត្រូវអាចរុលចូលឈ្លានពានទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
ជុំវិញសង្គ្រាមកម្ពុជា-ថៃ នាពេលនេះ តំណាងអង្គការអន្តរជាតិចំនួនជាង ៤០ស្ថាប័ន (៤៣ស្ថាប័ន) បានចុះពិនិត្យជំរំភៀសសឹកខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១១ សីហា នេះ។ តំណាងអង្គការអន្តរជាតិដែលមានតំណាងជាង ៧០នាក់ (៧៣នាក់) ដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងតាមជំរំភៀសសឹកវត្តភ្នំថ្មកំបោរ ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្ដរមានជ័យ និងជំរំវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ នៅក្នុងជំរំភៀសសឹកស្រុកបន្ទាយអំពិល សព្វថ្ងៃនេះ មានពលរដ្ឋកំពុងស្នាក់នៅជាង ៤០០គ្រួសារ ព្រោះពួកគេមិនទាន់ហ៊ានវិលត្រឡប់ទៅផ្ទះវិញ ទោះមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីចុងសប្តាហ៍កន្លងទៅក្តី៕
