ចំណងជើង

លោក ហ្សេឡេនស្គី ប្រកាស​ដាច់ខាត​មិន​យក​ទឹកដី​ទៅ​ដូរ​យក​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ឡើយ

នៅ​ថ្ងៃទី​១៥ ខែ​សីហា ក្នុង​សប្ដាហ៍​នេះ ដែនដី​អាឡាស្កា អតីត​ដែនដី​រុស្ស៊ី ដែល​រុស្ស៊ី បាន​លក់​ឱ្យ​អាមេរិក ក្នុង​តម្លៃ​ជាង ៧​លាន ២០​ម៉ឺន​ដុល្លារ​កាលពី​ក្នុង​ឆ្នាំ​១៨៦៧ នៃ​សតវត្ស​ទី​១៨ នៅ​លើ​ដែនដី​រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក នេះ នឹង​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​ជំនួប​កំពូល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយ​អាច​រំពឹង​ថា​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​លោក ត្រាំ លោក ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។

ជំនួប​កំពូល​ត្រីភាគ​នេះ បើ​មាន គឺ​ជា​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មេដឹកនាំ​ប្រទេស​ត្រូវ​បង្ហូរ​ឈាម​នឹង​គ្នា បាន​ជួប​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ផ្ទុះ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។

អ្វី​ជា​រឿង​បារម្ភ លោក ត្រាំ កំពុង​ដាក់​សម្ពាធ​លើ​លោក ហ្សេឡេនស្គី ឱ្យ​យល់ព្រម​តាម​លោក ពូទីន ដែល​លោក ពូទីន សុំ​ទឹកដី​ភាគ​ខាងកើត​ពី​អ៊ុយក្រែន ដែល​មាន​ខេត្ត​ចំណុះ​២ គឺ​ខេត្ត​លូហ្គាន់ និង​ខេត្ត​ដូណែត តែ​ខេត្ត​ដូណែត កំពុង​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​យ៉ាង​បង្ហូរ​ឈាម​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។

យ៉ាងណា ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី សច្ចា​ថា អ៊ុយក្រែន​មិន​អាច​បំពាន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយ​កាត់​តម្រឹម​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ណា​ដាច់ខាត ដែល​លោក​ថា​ប្រជាជន​អ៊ុយក្រែន ក៏​មិន​ប្រគល់​ទឹកដី​របស់​ពួកគេ​ទៅ​ឱ្យ​អ្នក​ដែល​កំពុង​កាន់កាប់​ដែរ។

បើ​តាម​សារព័ត៌មាន​អ៊ុយក្រែន Kyiv Independent ការ​បង្ហាញ​ជំហរ​របស់​លោក ហ្សេឡេនស្គី បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោង​ជួប​គ្នា​ក្នុង​រដ្ឋ Alaska នៅ​ថ្ងៃទី​១៥ សីហា ក្នុង​សប្ដាហ៍​នេះ ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក ត្រាំ ថែមទាំង​បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ការ​ដោះដូរ​ទឹកដី​មួយ​ចំនួន​ទៀត​ផង។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ លោក ហ្សេឡេនស្គី ថ្លែង​ថា ការ​សម្រេច​ចិត្ត​ណា​មួយ​ដោយ​គ្មាន​អ៊ុយក្រែន នឹង​ក្លាយ​ជា​ការ​សម្រេច​ដែល​ប្រឆាំង​នឹង​សន្តិភាព។

កន្លង​មក លោក ហ្សេឡេនស្គី បាន​បង្ហាញ​ពី​ឆន្ទៈ​បត់បែន​ក្នុង​ការ​ស្វែងរក​ការ​បិទ​បញ្ចប់​សង្គ្រាម ប៉ុន្តែ​ការ​ទទួលយក​ការ​បាត់បង់​ទឹកដី វា​នឹង​ធ្វើ​ឱ្យ​ប្រជាជន​អ៊ុយក្រែន កាន់តែ​ឈឺចាប់​ថែមទៀត។ លោក ហ្សេឡេនស្គី បញ្ជាក់​ថា លោក​មិន​ព្រម​រំលោភ​រដ្ឋធម្មនុញ្ញ ដែល​កាន់​ទឹកដី​របស់​ប្រទេស​ជា​ថ្នូរ​នឹង​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ដាច់ខាត ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។

ស្រប​ពេល​នេះ​ដែរ មេដឹកនាំ​អឺរ៉ុប បាន​បង្ហាញ​ការ​សាទរ​ពោះ​ផែនការ​របស់​លោក ដូណាល់ ត្រាំ ដើម្បី​ជួប​លោក វ្ល៉ាឌីមៀ ពូទីន អំពី​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តែ​មេដឹកនាំ​អឺរ៉ុប បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​ការ​ដាក់​សម្ពាធ​លើ​ទីក្រុង​មូស្គូ និង​ការពារ​ផលប្រយោជន៍​សន្តិសុខ​របស់​អ៊ុយក្រែន និង​អឺរ៉ុប ដោយ​គាំទ្រ​ជំហរ​របស់​លោក ហ្សេឡេនស្គី ដែល​មិន​ព្រម​កាត់​ទឹកដី​ទៅ​ឱ្យ​អ្នក​ឈ្លានពាន។

លោក ត្រាំ មាន​គម្រោង​ជួប​លោក ពូទីន នៅ​រដ្ឋ Alaska នៅ​ថ្ងៃទី​១៥ ខែ​សីហា ដោយ​និយាយ​ថា​ភាគី​ពាក់ព័ន្ធ​ក្នុង​នោះ​រួម​មាន​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ដោះស្រាយ​សង្គ្រាម​អូស​បន្លាយ​ពេល ៣​ឆ្នាំ ៦​ខែ​មក​នេះ។

លោក ត្រាំ បាន​បង្ហើប​ថា វា​អាច​នឹង​តម្រូវ​ឱ្យ​អ៊ុយក្រែន បោះបង់​ទឹកដី​មួយ​ចំនួន​របស់​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី ដែល​នាំ​ឱ្យ​លោក ហ្សេឡេនស្គី ប្រកាស​ច្រានចោល​សម្បទាន​បែប​នេះ ហើយ​អឺរ៉ុប យល់​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បំពេញ​ចិត្ត​អ្នក​ឈ្លានពាន គឺ​វា​មិន​មែន​ជា​ដំណោះស្រាយ​បង្ក្រាប​អ្នក​ឈ្លានពាន​នោះ​ទេ បែរជា​ដំណោះស្រាយ​បង្ក្រាប​ជនរងគ្រោះ​ទៅវិញ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ មេដឹកនាំ​បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ចក្រភព​អង់គ្លេស ហ្វាំងឡង់ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​លើកឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី និង​បន្ត​គាំទ្រ​អ៊ុយក្រែន។

សេចក្ដី​ថ្លែងការណ៍​បាន​រៀបរាប់​ថា៖ «ដំណោះស្រាយការទូតណាមួយ ត្រូវតែការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។ តែការបោះជំហានឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន មិនអាចសម្រេចបានដាច់ខាត បើគ្មានការចូលរួមពីអ៊ុយក្រែន។»

លោក ហ្សេឡេនស្គី បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​អឺរ៉ុប ដែល​បាន​ប្ដេជ្ញា​គាំទ្រ​ការ​ទាមទារ​របស់​លោក ឱ្យ​មាន​កៅអី​មួយ​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​នៅ​លើ​ដែនដី​រដ្ឋ​អាឡាស្កា។

មន្ត្រី​សេតវិមាន លើកឡើង​ថា លោក ត្រាំ បើក​ចំហ​ចំពោះ​ការ​ចូលរួម​របស់​លោក ហ្សេឡេនស្គី។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC News សេតវិមាន​កំពុង​ពិចារណា​អញ្ជើញ​លោក ហ្សេឡេនស្គី ទៅ​កាន់​រដ្ឋ​អាឡាស្កា ជា​ទី​ដែល​លោក ត្រាំ គ្រោង​នឹង​ជួប​លោក ពូទីន នៅ​ថ្ងៃទី​១៥ ខែ​សីហា។ តាម NBC News គម្រោង​អញ្ជើញ​លោក ហ្សេឡេនស្គី ទៅ​កាន់​រដ្ឋ​អាឡាស្កា កំពុង​ស្ថិត​នៅ​ក្រោម​កិច្ចពិភាក្សា។

ស្រប​ពេល​ជាមួយ​គ្នា​នេះ វិមាន​ក្រឹមឡាំង បាន​ច្រានចោល​លទ្ធភាព​នៃ​ការ​ជួប​ជាមួយ​លោក ហ្សេឡេនស្គី ភ្លាម ដោយ​អះអាង​ថា​កាលៈទេសៈ​នេះ​មិន​ទាន់​អំណោយផល​ឡើយ។

ដើម្បី​ឆ្លើយតប​នឹង​ក្តី​បារម្ភ​នេះ មេដឹកនាំ​នៃ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​សង្កត់​ធ្ងន់​ថា «ដំណើរឆ្ពោះទៅរកសន្តិភាពដែលគ្មានអ៊ុយក្រែន វាមិនមែនជាសន្តិភាពពិតឡើយ។»

ស្រប​ពេល​អឺរ៉ុប បង្ហាញ​ការ​គាំទ្រ​អ៊ុយក្រែន អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev ជា​ដៃស្ដាំ​លោក ពូទីន បាន​ហៅ​មេដឹកនាំ​អឺរ៉ុប ថា «ភ្លីភ្លើ» ដែល​ព្យាយាម​រារាំង​កិច្ចប្រឹងប្រែង​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក។

លោក Yuri Ushakov ជា​ទីប្រឹក្សា​របស់​លោក ពូទីន បាន​ឱ្យ​ដឹង​ថា មាន​ការ​អញ្ជើញ​លោក ត្រាំ ជា​ផ្លូវការ​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​មូស្គូ ក្រោយ​ជំនួប​ជាមួយ​លោក ពូទីន នៅ​រដ្ឋ​អាឡាស្កា។

ចាប់តាំងពី​វិលត្រឡប់​ទៅ​កាន់​សេតវិមាន វិញ លោក ដូណាល់ ត្រាំ មិន​ទាន់​បាន​ជួប​មុខ​លោក ពូទីន ដោយ​ផ្ទាល់​នៅឡើយ។ ភាគច្រើន លោក​បាន​ជួប​លោក ពូទីន តាម​ទូរសព្ទ។

អ្នក​សង្កេតការណ៍​បាន​ហៅ​ជំនួប​កំពូល ត្រាំ​និង​ពូទីន នៅ​ថ្ងៃទី​១៥ សីហា ក្នុង​សប្ដាហ៍​នេះ គឺជា​ការ​លុបចោល​ទាំងស្រុង​ឱសានវាទ​របស់​លោក ត្រាំ ដាក់​ទៅ​លើ​រុស្ស៊ី ដែល​បាន​ផុត​ត្រឹម​ថ្ងៃទី​៨ សីហា ដោយ​លោក ត្រាំ ពុំ​បាន​ពោល​ពាក្យ​មួយ​ម៉ាត់​គំរាម​រុស្ស៊ី ម្ដង​ទៀត​ឡើយ។ អ្នក​សង្កេតការណ៍​យល់​ថា លោក ពូទីន អាច​នៅ​បន្ត​ទិញ​ពេលវេលា​ពី​លោក ត្រាំ បន្ត​ទៀត ហើយ​សង្គ្រាម​របស់​លោក ពូទីន នៅ​អ៊ុយក្រែន នៅតែ​បន្ត​ឆេះ​ថែមទៀត៕