ចំណងជើង

ស៊ីម៉ាក់​រក​ឃើញ​គ្រាប់បែក​ជិត២​ពាន់​គ្រាប់​ដែល​កងទ័ព​អាកាស​ថៃបាន​ទម្លាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា អះអាង​ថា ស៊ីម៉ាក់​រក​ឃើញ​សំណល់​គ្រាប់បែក​ចំនួន​ជាង ១​ពាន់​គ្រាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​កងទ័ព​អាកាស​ថៃ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។

លោក ហេង រតនា បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​រក​ឃើញ​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​ចំនួន ១៥៤៩​គ្រាប់ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​បន្សល់​ទុក​ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ។

លោក ហេង រតនា ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​អាទិត្យ ទី​១០ សីហា ក្រុម​អនុព័ន្ធយោធា​បរទេស​ចំនួន ១៤​រូប មកពី ៩​ប្រទេស បាន​ទៅ​ពិនិត្យ​ទីតាំង​ភូមិ​ថ្មដូន ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ត្រង់​ចំណុច​ដែល​គ្រាប់បែក​ប្រភេទ MK-84 ធ្លាក់​ចំ​ផ្ទះ​ពលរដ្ឋ​ខ្មែរ។

លោក​អះអាង​ថា អង្គភាព​ស៊ីម៉ាក់​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​សំណល់​គ្រាប់បែក និង​គ្រាប់​ប្លោង​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ការ​ដាក់​ស្លាក​សញ្ញា និង​បោស​សម្អាត​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​គ្រប់​ប្រភេទ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។

លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាក់ទង​កម្លាំង​ជំនាញ​ក្នុង​ករណី​សង្ស័យ​ជួប​គ្រាប់​មិន​ទាន់​ផ្ទុះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ។

កន្លង​មក អ្នក​នាំពាក្យ​កងទ័ព​អាកាស​ថៃ លោក Prapas Sornchaidee ធ្លាប់​អះអាង​ថា គ្រាប់បែក​ប្រភេទ MK-84 ដែល​ធ្លាក់​ចំ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នោះ គឺ​មិនមែន​ជា​គ្រាប់​ដែល​ទម្លាក់​ដោយ​ទ័ព​អាកាស​ថៃ ទេ គឺជា​គ្រាប់​ដែល​អាច​បន្សល់​ទុក​នៅ​កម្ពុជា តាំងពី​សង្គ្រាម​ឥណ្ឌូចិន។

ប៉ុន្តែ​កម្ពុជា អះអាង​ថា គ្រាប់បែក​ប្រភេទ MK-84 គឺជា​គ្រាប់​ផលិត​នៅ​ក្នុង​ឆ្នាំ​១៩៩៦ និង​ជា​គ្រាប់​ដែល​ថៃ ទិញ​ពី​ក្រុមហ៊ុន IMI របស់​ប្រទេស​អ៊ីស្រាអែល យក​មក​ប្រើប្រាស់​ក្នុង​ពេល​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។

ជុំវិញ​ជម្លោះ​កម្ពុជា-ថៃ នា​ពេលនេះ អភិបាលរង​ខេត្ត​ព្រះវិហារ លោក គឹម ចាន់បញ្ញា បាន​អះអាង​កាលពី​ថ្ងៃទី​១០ សីហា ថា ចាប់តាំងពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៤ កក្កដា មក ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ជាង ១​ម៉ឺន​គ្រួសារ (១១៨១៧​គ្រួសារ) ស្មើ​នឹង​មនុស្ស​ជិត ៤​ម៉ឺន​នាក់ (៣៩៣១១​នាក់) បាន​ភៀស​ខ្លួន ដែល​ក្នុង​នោះ​ក៏​មាន​ស្ត្រី​ជាង ២​ម៉ឺន​នាក់​ផង​ដែរ (២០៩០៥​នាក់)៕