ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលក្នុងនោះរួមមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ត្រូវបាននាំចេញទៅកាន់ប្រទសអូស្ត្រាលីលើកដំបូងចំនួន ១២ តោន ហើយតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។
ក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ ជាមួយឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ប្រទសអូស្ត្រាលី (DFAT) កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សហគ្រិនខ្មែរ (KE) ក្នុងការជំរុញការនាំចេញផលិតផលដែលផលិតពីកម្ពុជា ដែលមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យកសិ-កែច្នៃរបស់កម្ពុជា នាពេលបច្ចុប្បន្នខណៈពេលដែលបរិយាកាសនៃការធ្វើពាណិជ្ជកម្មក្នុងពិភពលោកមានភាពមិនច្បាស់លាស់។
ជាមួយនឹងការចាប់ផ្តើមពីការធ្វើទស្សនកិច្ចសិក្សា ការគាំទ្របច្ចេកទេស ការទាក់ទងផ្ទាល់ជាមួយអ្នកទិញ និងការអនុលោមតាមបទដ្ឋានស្តង់ដារនិងគុណភាពអន្តរជាតិ ក្រុមហ៊ុន RTT បានផ្តល់ជាគំរូមួយដល់សហគ្រាសផ្សេងទៀតក្នុងការធានាបានការចូលទីផ្សារប្រកួតប្រជែងពិភពលោក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព៕ ដោយ៖ AKP មករា ប្រភព៖ ក្រសួងពាណិជ្ជកម្ម


