ថ្ងៃទី ១៧ សីហា ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យរក្សាសភាពស្ងប់ស្ងាត់ និងពិចារណាឲ្យបានជ្រាលជ្រៅ បន្ទាប់ពីកើតមានករណីផ្តាច់កុងត្រារវាងក្រុមហ៊ុន “កូកាកូឡា” និង “វណ្ណដា”។
សម្តេចតេជោបានបញ្ជាក់ថា ទោះបីជា “កូកា” ជាផលិតផលអាមេរិកក្តី ក៏វាជាផលិតផលខ្មែរ ដោយសារផលិតនៅក្នុងប្រទេស និងបង្កើតការងារដល់កម្មករខ្មែរ ព្រមទាំងចូលរួមចំណែកបង់ពន្ធដល់សេដ្ឋកិច្ចជាតិ។ ពីនេះបើក្រុមហ៊ុនដកខ្លួនចេញ កម្ពុជានឹងជាអ្នកខាតបង់ ខណៈសត្រូវជាអ្នកទទួលផល។
សម្តេចតេជោបានរំលឹកថា ពេលមុនក៏មានការគំរាមផ្តាច់អគ្គិសនី អ៊ីនធើណេត និងប្រេង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដើរតួនាទីចូលមុខ ដើម្បីកុំឱ្យសត្រូវប្រើអាវុធសេដ្ឋកិច្ចវាយប្រហារបាន។
ទាក់ទងនឹងសកម្មភាពពហិការផលិតផល សម្តេចតេជោថា ប្រសិនបើផលិតនៅក្រៅប្រទេស អាចពិចារណាបោះបង់បាន ប៉ុន្តែបើផលិតនៅក្នុងស្រុក ការបដិសេធប្រើប្រាស់គឺជាការខាតបង់ដល់កិច្ចការងារ ប្រាក់ចំណូល និងពន្ធរដ្ឋ។
ក្រៅពីក្តីព្រួយបារម្ភសេដ្ឋកិច្ច សម្តេចតេជោក៏បានព្រមានថា ការបណ្តេញកូកា ក៏អាចនាំឲ្យកម្ពុជាជួបវិបត្តិការទូត និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។
សម្តេចតេជោបានសង្ឃឹមថា លោកវណ្ណដា នឹងស៊ូទ្រាំ និងបន្តបម្រើប្រយោជន៍ជាតិ ទោះជាក្រុមហ៊ុនបញ្ឈប់កិច្ចសហការដោយមូលហេតុណាក៏ដោយ។


