ចំណងជើង

នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបជាមួយនឹងបេក្ខជន​ចុះឈ្មោះប្រឡងជាង១៤ម៉ឺននាក់

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥

នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៥នេះក្រសួងអប់រំ យុវជននិងកីឡាបាន ក្រើនរំលឹកដល់បេក្ខជនប្រឡងថា នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនឹងឈានមកដល់។ សម័យប្រឡងនឹងប្រពឹត្តទៅពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។
ទន្ទឹមនេះទាក់ទងនឹងសម័យប្រឡងថ្ងៃទី២៨ សីហានេះដែរ ក្រសួងអប់រំក៏ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅរសៀលថ្ងៃទី២២ ខែសីហា ទីស្ដីពីការក្រសួងអប់រំ យុវជន និងកីឡា។សន្និសីទកាសែតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈ ទំព័រ បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងផងដែរ។
សូមជម្រាបថាថ្មីៗនេះក្រសួងអប់រំបានប្រកាសថា ដើម្បីលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប ក្រសួងបានជូនដំណឹងឱ្យបេក្ខជន មកមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗដោយ ក្រសួងនឹង បិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌល ប្រឡងចំនួនពីរលើក ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពីមណ្ឌល ប្រឡង លេខបន្ទប់ និងលេខតុ ដោយមិនផ្សព្វផ្សាយលើគេហទំព័រផ្លូវការ របស់ក្រសួងទេ។ក្នុងនេះដូចជា៖លើកទី១៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនិង ថ្ងៃទី២១ ខែសីហា សម្រាប់រាជធានីខេត្តចំនួន២៣។លើកទី២៖ នៅថ្ងៃទី២៧ ខែសីហា។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥មានចំនួន ១៤៦ ៧២០នាក់ (ស្រីចំនួន ៨១ ៤៤២នាក់)។ក្នុងនេះបេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤០ ៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២ នាក់។ មណ្ឌលប្រឡងនៅទូទាំងប្រទេសមាន ២៤១មណ្ឌល ក្នុងនេះថ្នាក់ វិទ្យាសាស្រ្ត មាន៧២មណ្ឌល ខណៈថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៦៩ មណ្ឌល។
ដោយឡែកនៅថ្ងៃទី ១៩ ខែសីហានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បាន បង្ហាញ ប្រាប់ពីសេចក្តីណែនាំស្តីពីការងារសង្កេតការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយ(អ.ប.ព.)លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ផងដែរ៕ ដោយ៖ក្រុមការងារ