២៥ ខែ សីហា ឆ្នាំ ២០២៥
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ។ កិច្ចប្រជុំគ្រោងនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី ៥ ខណៈគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។ ភាគីទាំងពីរមានឋានៈជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្រសួងការពារជាតិសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពនៅតាមបណ្ដោយព្រំដែន។
