ចំណងជើង

ឯកឧត្តមប៉ែនបូណា៖លើកឡើង៣ចំណុចដែលផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាពនិងការការពារបូរណភាពទឹកដី

២៥ ខែ សីហា ឆ្នាំ ២០២៥

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាព និងការការពារបូរណភាពទឹកដី ឯកឧត្តម បានលើកចំនុចមួយចំនួនដោយផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រ មកបញ្ជាក់ជូនដូចខាងក្រោម៖

ទី១៖ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។ កម្ពុជាស្គាល់សុខសន្តិភាពពេញលេញ និងយូរជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសង្គមល្អដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលនិងឆាប់រហ័សជាងពេលណាៗទាំងអស់។ កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែបនិងទំនើបជាងពេលណាទាំងអស់។ កូនខ្មែរមានឱកាសរៀនសូត្រ មានឱកាសចេញទៅក្រៅប្រទេស និងស្គាល់ភាពសប្បាយរីករាយច្រើនជាងពេលណាទាំងអស់…ទាំងនេះគឺជាការពិតដែលអាចផ្ទៀងផ្តាត់បាន ហើយដែលគ្មាននរណាអាចបដិសេធបានឡើយ។

ទី២៖ ប្រសិនបើយើងក្រឡេកមើលការពិតទាំងនេះ យើងអាចយល់បានភ្លាមពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការលះបង់របស់បិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តូរផ្តាច់ការពារសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃព្រះពុទ្ធសាសនា និងខ្មែរដែលជាបរិស័ទនៃសាសនាផ្សេងទៀត យល់ច្បាស់ពីតម្លៃនេះ ហើយបាននិងកំពុងចេញមុខការពារសន្តិភាព និងការពារបុព្វហេតុរបស់រាជរដ្ឋាភិបាលយ៉ាងប្តូរផ្តាច់ ពីព្រោះពួកគេយល់ច្បាស់ថា គឺជាឱកាសដ៏កម្រខ្លាំងណាស់ដែលកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។

ទី៣៖ និយាយពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មានតែរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ ដែលបានកសាងបន្ទាត់ព្រំដែនជាក់លាក់បានច្រើនបំផុតតាមរយៈការចរចាបោះបង្គោលព្រំដែនដោយសន្តិវិធីជាមួយប្រទេសជិតខាង និងបានកសាងផ្លូវក្រវ៉ាត់ព្រំដែនបានវែងជាងពេលណាៗទាំងអស់។ សមិទ្ធផលដ៏ធំធេងដែលមិនធ្លាប់មានពីមុននេះ គឺជាស្នាដៃរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីឱ្យបានគង់វង្សប្រកបដោយនិរន្តរភាពសម្រាប់កូនខ្មែរជំនាន់ក្រោយ។ នេះក៏ជាសច្ចៈធម៌ប្រវត្តិសាស្ត្រដែលអាចផ្ទៀងផ្ទាត់បាន ហើយក៏មិនអាចមានអ្នកណាអាចកាឡៃបានឡើយ៕ ដោយ៖ កន ចំណាន