ចំណងជើង

ក្រសួងអប់រំ គ្រោងអនុវត្តគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធអប់រំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការសាកល្បងអនុវត្ត គន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី គ្រូ-គ្រូបង្រៀន និងដៃគូពាក់ព័ន្ធជាច្រើន។

គន្លងអប់រំថ្មី ត្រូវបានរៀបចំ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានគោលបំណងកាត់បន្ថយអត្រាបោះបង់ការសិក្សា បង្កើនឱកាសអប់រំចំពោះកុមារជាអ្នកវិលត្រឡប់ពីបរទេស និងធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជា សមស្របនឹងតម្រូវការពិតប្រាកដ។

ក្រសួងអប់រំ នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសសម្រាប់សិស្សថ្នាក់ទី៧–ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យ។ ចាប់ពីថ្នាក់ទី១០ នឹងសាកល្បងគន្លងថ្មី ៣ ប្រភេទ គឺ វិទ្យាសាស្ត្រ, វិទ្យាសាស្ត្រសង្គម និងវិជ្ជាជីវៈ នៅវិទ្យាល័យគោលដៅដែលមានសក្តានុពលជាក់ស្តែង។

ឯកឧត្តម ហង់ ជួន ណារ៉ុន បានផ្តល់អនុសាសន៍ ៨ ចំណុច ដើម្បីធានាបាននូវជោគជ័យរួម មាន៖

  1. ប្រើប្រាស់អត្ថប្រយោជន៍តំបន់សាលាទេពប្រណម្យ ដែលមានធនធាន និងអេកូឡូស៊ីសេដ្ឋកិច្ចគាំទ្រ។
  2. ពង្រឹងប្រឡងមធ្យមសិក្សាបឋមភូមិ ដោយកំណត់ស្តង់ដារជាតិច្បាស់លាស់ក្នុងការបែងចែកសិស្ស។
  3. បង្កើតទស្សនៈថ្មីចំពោះការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយរួមបញ្ចូលជំនាញទំនើប ដូចជា Coding, AI និង Design។
  4. ផ្សារភ្ជាប់កម្មវិធីសិក្សាជាមួយឧត្តមសិក្សា ដោយអញ្ជើញគ្រូសាស្ត្រាចារមកបង្រៀន។
  5. បញ្ចូលយុទ្ធសាស្ត្របង្រៀនទំនើបៗនៅសាលាជំនាន់ថ្មី។
  6. សហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព។
  7. ស្វែងរកការគាំទ្របន្ថែម និងកសាងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍។
  8. សិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្តមបានកោតសរសើរទៅកាន់សាលាទេពប្រណម្យ និងសាលាគោលដៅទាំងអស់ចំពោះការប្តេជ្ញាខ្ពស់ ក្នុងការចូលរួមអនុវត្តគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា ឱ្យកាន់តែរឹងមាំ។