ចំណងជើង

ឯកឧត្តម ហ៊ុន ម៉ានី អធិបតីបើកសិក្ខាសាលាអាស៊ាន ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

ថ្ងៃទី២៦ សីហា ២០២៥ – ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេ។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងប្រទេសអាស៊ាន ទីម័រឡេស្តេ ជប៉ុន ចិន កូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការកម្ពុជា និងភាគីពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម យឿន សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានជម្រាបថា សិក្ខាសាលានេះ ជាផ្នែកមួយនៃផែនការសកម្មភាព ACCSM+3 ២០២១–២០២៥ ដែលកម្ពុជាដើរតួនាទីសម្របសម្រួល។ គោលបំណងសំខាន់ៗ មាន ៣ ចំណុច៖

  1. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្រ្តីរាជការលើឌីជីថលលូបនីយកម្ម
  2. ចែករំលែកឧត្តមានុវត្ត បទពិសោធន៍ និងនវានុវត្តន៍សម្រាប់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
  3. ជំរុញការបង្កើតកម្មវិធីសិក្សាអក្ខរកម្មឌីជីថល សម្រាប់ប្រទេសនីមួយៗ

សិក្ខាសាលា នឹងមានបទបង្ហាញ ៣ ប្រធានបទ៖

  • ប្លង់មេនៃបរិវត្តកម្មឌីជីថល (អ្នកជំនាញកូរ៉េ)
  • ឧត្តមានុវត្តន៍ការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ (អ្នកជំនាញចិន)
  • យន្តការ និងកម្មវិធីសិក្សាឌីជីថលសម្រាប់មន្រ្តីរាជការ (អ្នកជំនាញជប៉ុន)

កិច្ចពិភាក្សាត្រូវបានបែងចែកជា ៤ វគ្គ រួមមាន ការពិភាក្សាអំពីប្លង់មេឌីជីថល និងឧត្តមានុវត្តន៍របស់ប្រទេសអាស៊ាន ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រកែលម្អចំណេះដឹងឌីជីថលសម្រាប់មន្រ្តីរាជការក្នុងតំបន់។