ចំណងជើង

លោកដូណាល់ត្រាំគ្រោងនឹងពិភាក្សាជាមួយលោកពូទីនតាមទូរស័ព្ទនៅក្នុងសប្តាហ៍នេះឬសប្តាហ៍ក្រោយ

ចេញផ្សាយ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ —

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានរំពឹងថានឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងសប្តាហ៍នេះ ឬនៅដើមសប្តាហ៍ក្រោយ។

លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយសំដៅទៅលើការសន្ទនាតាមទូរសព្ទដែលអាចកើតឡើងបានជាមួយមេដឹកនាំរុស្ស៊ីថា «បាទ! វានឹងកើតឡើង» ដោយលោកបាននិយាយបន្ថែមថា វាអាចនឹងកើតឡើងនៅក្នុង «សប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ»។ លោក ត្រាំ ក៏បានធានាផងដែរថា លោកប្តេជ្ញាដោះស្រាយជម្លោះនៅអ៊ុយក្រែនឱ្យបាន។

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោករំពឹងថានឹងជជែកជាមួយមេដឹកនាំរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីថ្ងៃទី០៤ ខែកញ្ញា លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកគ្រោងនឹងធ្វើការសន្ទនាជាមួយលោក ពូទីន នាពេលខាងមុខឆាប់ៗនេះ។

កាលពីថ្ងៃទី១៥ ខែសីហា ប្រធានាធិបតីរុស្ស៊ី និងអាម៉េរិកបានជួបប្រជុំគ្នានៅឯមូលដ្ឋានយោធាក្នុងរដ្ឋអាឡាស្កា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សានោះ លោក ពូទីន បាននិយាយថា ការដោះស្រាយជម្លោះអ៊ុយក្រែន គឺជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូល។ មេដឹកនាំរុស្ស៊ីបានអំពាវនាវឱ្យបង្វែរទំព័រថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក ហើយត្រលប់ទៅរកកិច្ចសហប្រតិបត្តិការវិញ ហើយលោកក៏បានអញ្ជើញលោក ត្រាំ ទៅទស្សនកិច្ចនៅទីក្រុងម៉ូស្គូផងដែរ៕