ចំណងជើង

កណ្តាល បើកកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយឱកាសការងារ ជូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ កណ្តាល, ១៥ កញ្ញា ២០២៥ – រដ្ឋបាលខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុកទាំង១៣ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមជួយពលករវិលត្រឡប់ទាំងអស់ឱ្យមានការងារធ្វើ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន និងធានាឱ្យកូនចៅពួកគាត់បានចូលរៀន។ អភិបាលខេត្តបានសង្កត់ថា ការស្រង់ស្ថិតិពលករដែលវិលត្រឡប់ គឺជាចំណុចសំខាន់ក្នុងការផ្តល់ជំនួយឱ្យពួកគាត់រកការងារធ្វើក្នុងស្រុកវិញ។

តាមរបាយការណ៍ រដ្ឋបាលខេត្តកណ្តាលមានសហគ្រាស-គ្រឹះស្ថានសរុប ២,០៣១ ដែលបំពាក់និយោជិតជាង ២១៥,៤៧២នាក់ (ស្រី ១៤៣,០៦៧នាក់)។ ក្នុងនោះវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើពីស្បែក មានសហគ្រាស ២៨៣ បង្កើតការងារជាង ១៧៧,៧៥៦នាក់ (ស្រី ១២៧,៤២៥នាក់)។

សម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃ ចំនួនសរុប ២,៦៦៨នាក់ (ស្រី ១,២៧៥នាក់) មានកុមារក្រោមអាយុ១៨ឆ្នាំក្នុងបន្ទុក ៣៧៧នាក់ (ស្រី ១៩៤នាក់)។ ក្នុងចំណោមនេះ មាន ១,៣៩៨នាក់ (ស្រី ៦៤៤នាក់) ទទួលបានការងារធ្វើវិញ ខណៈដែលនៅមាន ៨៩៣នាក់ (ស្រី ៤៣៧នាក់) មិនទាន់មានការងារធ្វើ។

ឯកឧត្តម អភិបាលបានបញ្ជាក់ថា ការងារនេះជាផ្នែកមួយក្នុងគោលនយោបាយរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកទៅបរទេស ជាពិសេសប្រទេសថៃ៕