ចំណងជើង

វង្សី វិស្សុត ជួប Han Zheng ពិភាក្សាការងារ ក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី២២

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសចូលរួមពិធីសម្ពោធ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ក្វាងស៊ី។

ឯកឧត្តម Han Zheng បានសរសើរចំពោះតួនាទីសំខាន់របស់ឯកឧត្តម វង្សី វិស្សុត ក្នុងការពង្រឹងមិត្តភាពកម្ពុជា-ចិន ជាពិសេសតាមរយៈការជាអគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ គាត់បានបញ្ជាក់ថា ចិន-កម្ពុជាគឺជាមិត្តដែកថែប ហើយចិនបន្តប្តេជ្ញាគាំទ្រកម្ពុជា លើវិស័យអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការទាំងឡាយ។

ឯកឧត្តម វង្សី វិស្សុត បានផ្តាំផ្ញើសារសួរសុខទុក្ខពីថ្នាក់ដឹកនាំកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនចិន និងអបអរសាទរខួប៨០ឆ្នាំ ជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ឯកឧត្តមក៏បានអបអរសាទរចំពោះការរៀបចំ ពិព័រណ៍ចិន-អាស៊ាន ប្រកបដោយជោគជ័យ និងចាត់ទុកវាជាវេទិកាសំខាន់សម្រាប់សហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឌីជីថល។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង ទៅកម្ពុជាកាលពីខែមេសា និងការចូលរួមកិច្ចប្រជុំកំពូល SCO Plus របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសម្ព័ន្ធភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជា បន្តប្រកាន់ខ្ជាប់នូវ នយោបាយចិនមួយ និងគាំទ្រគំនិតផ្តួចផ្តើមសកលរបស់ចិន ដូចជា BRI, GDI, GSI, GCI និង Global AI Governance Initiative

ភាគីទាំងពីរ បានពិភាក្សាពីទិសដៅជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ការពិភាក្សាក៏ផ្តោតលើការជំរុញការនាំចូលកសិផលពីកម្ពុជា ទៅចិន ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទេសចរ និងនិស្សិត។

កិច្ចជួបនេះបានបញ្ចប់ដោយការផ្តោតលើការលើកកម្ពស់សហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនអត្ថប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ និងតំបន់ទាំងមូល៕