នៅថ្ងៃទី១៥ ខែសីហា ក្នុងសប្ដាហ៍នេះ ដែនដីអាឡាស្កា អតីតដែនដីរុស្ស៊ី ដែលរុស្ស៊ី បានលក់ឱ្យអាមេរិក ក្នុងតម្លៃជាង ៧លាន ២០ម៉ឺនដុល្លារកាលពីក្នុងឆ្នាំ១៨៦៧ នៃសតវត្សទី១៨ នៅលើដែនដីរដ្ឋទី៤៩ របស់សហរដ្ឋអាមេរិក នេះ នឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ គឺជំនួបកំពូលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយអាចរំពឹងថានឹងមានជំនួបត្រីភាគីរវាងលោក ត្រាំ លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។
ជំនួបកំពូលត្រីភាគនេះ បើមាន គឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមេដឹកនាំប្រទេសត្រូវបង្ហូរឈាមនឹងគ្នា បានជួបគ្នាជាលើកដំបូងចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។
អ្វីជារឿងបារម្ភ លោក ត្រាំ កំពុងដាក់សម្ពាធលើលោក ហ្សេឡេនស្គី ឱ្យយល់ព្រមតាមលោក ពូទីន ដែលលោក ពូទីន សុំទឹកដីភាគខាងកើតពីអ៊ុយក្រែន ដែលមានខេត្តចំណុះ២ គឺខេត្តលូហ្គាន់ និងខេត្តដូណែត តែខេត្តដូណែត កំពុងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងបង្ហូរឈាមរវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន។
យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី សច្ចាថា អ៊ុយក្រែនមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយកាត់តម្រឹមទឹកដីទៅឱ្យប្រទេសណាដាច់ខាត ដែលលោកថាប្រជាជនអ៊ុយក្រែន ក៏មិនប្រគល់ទឹកដីរបស់ពួកគេទៅឱ្យអ្នកដែលកំពុងកាន់កាប់ដែរ។
បើតាមសារព័ត៌មានអ៊ុយក្រែន Kyiv Independent ការបង្ហាញជំហររបស់លោក ហ្សេឡេនស្គី បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅថ្ងៃទី១៥ សីហា ក្នុងសប្ដាហ៍នេះ ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ត្រាំ ថែមទាំងបានលើកឡើងពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការដោះដូរទឹកដីមួយចំនួនទៀតផង។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ លោក ហ្សេឡេនស្គី ថ្លែងថា ការសម្រេចចិត្តណាមួយដោយគ្មានអ៊ុយក្រែន នឹងក្លាយជាការសម្រេចដែលប្រឆាំងនឹងសន្តិភាព។
កន្លងមក លោក ហ្សេឡេនស្គី បានបង្ហាញពីឆន្ទៈបត់បែនក្នុងការស្វែងរកការបិទបញ្ចប់សង្គ្រាម ប៉ុន្តែការទទួលយកការបាត់បង់ទឹកដី វានឹងធ្វើឱ្យប្រជាជនអ៊ុយក្រែន កាន់តែឈឺចាប់ថែមទៀត។ លោក ហ្សេឡេនស្គី បញ្ជាក់ថា លោកមិនព្រមរំលោភរដ្ឋធម្មនុញ្ញ ដែលកាន់ទឹកដីរបស់ប្រទេសជាថ្នូរនឹងសន្តិភាពពីអ្នកឈ្លានពានដាច់ខាត ទោះកាលៈទេសៈណាក៏ដោយ។
ស្របពេលនេះដែរ មេដឹកនាំអឺរ៉ុប បានបង្ហាញការសាទរពោះផែនការរបស់លោក ដូណាល់ ត្រាំ ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន អំពីការបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែមេដឹកនាំអឺរ៉ុប បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការដាក់សម្ពាធលើទីក្រុងមូស្គូ និងការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប ដោយគាំទ្រជំហររបស់លោក ហ្សេឡេនស្គី ដែលមិនព្រមកាត់ទឹកដីទៅឱ្យអ្នកឈ្លានពាន។
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគីពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្គ្រាមអូសបន្លាយពេល ៣ឆ្នាំ ៦ខែមកនេះ។
លោក ត្រាំ បានបង្ហើបថា វាអាចនឹងតម្រូវឱ្យអ៊ុយក្រែន បោះបង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យរុស្ស៊ី ដែលនាំឱ្យលោក ហ្សេឡេនស្គី ប្រកាសច្រានចោលសម្បទានបែបនេះ ហើយអឺរ៉ុប យល់ថាការធ្វើបែបនេះ គឺជាការបំពេញចិត្តអ្នកឈ្លានពាន គឺវាមិនមែនជាដំណោះស្រាយបង្ក្រាបអ្នកឈ្លានពាននោះទេ បែរជាដំណោះស្រាយបង្ក្រាបជនរងគ្រោះទៅវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មេដឹកនាំបារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ចក្រភពអង់គ្លេស ហ្វាំងឡង់ និងប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីភាពចាំបាច់ក្នុងការរក្សាការដាក់សម្ពាធលើរុស្ស៊ី និងបន្តគាំទ្រអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍បានរៀបរាប់ថា៖ «ដំណោះស្រាយការទូតណាមួយ ត្រូវតែការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។ តែការបោះជំហានឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន មិនអាចសម្រេចបានដាច់ខាត បើគ្មានការចូលរួមពីអ៊ុយក្រែន។»
លោក ហ្សេឡេនស្គី បានថ្លែងអំណរគុណដល់មេដឹកនាំអឺរ៉ុប ដែលបានប្ដេជ្ញាគាំទ្រការទាមទាររបស់លោក ឱ្យមានកៅអីមួយនៅក្នុងកិច្ចចរចាសន្តិភាពនៅលើដែនដីរដ្ឋអាឡាស្កា។
មន្ត្រីសេតវិមាន លើកឡើងថា លោក ត្រាំ បើកចំហចំពោះការចូលរួមរបស់លោក ហ្សេឡេនស្គី។ តាមបណ្ដាញផ្សាយព័ត៌មាន NBC News សេតវិមានកំពុងពិចារណាអញ្ជើញលោក ហ្សេឡេនស្គី ទៅកាន់រដ្ឋអាឡាស្កា ជាទីដែលលោក ត្រាំ គ្រោងនឹងជួបលោក ពូទីន នៅថ្ងៃទី១៥ ខែសីហា។ តាម NBC News គម្រោងអញ្ជើញលោក ហ្សេឡេនស្គី ទៅកាន់រដ្ឋអាឡាស្កា កំពុងស្ថិតនៅក្រោមកិច្ចពិភាក្សា។
ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំង បានច្រានចោលលទ្ធភាពនៃការជួបជាមួយលោក ហ្សេឡេនស្គី ភ្លាម ដោយអះអាងថាកាលៈទេសៈនេះមិនទាន់អំណោយផលឡើយ។
ដើម្បីឆ្លើយតបនឹងក្តីបារម្ភនេះ មេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយសង្កត់ធ្ងន់ថា «ដំណើរឆ្ពោះទៅរកសន្តិភាពដែលគ្មានអ៊ុយក្រែន វាមិនមែនជាសន្តិភាពពិតឡើយ។»
ស្របពេលអឺរ៉ុប បង្ហាញការគាំទ្រអ៊ុយក្រែន អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាដៃស្ដាំលោក ពូទីន បានហៅមេដឹកនាំអឺរ៉ុប ថា «ភ្លីភ្លើ» ដែលព្យាយាមរារាំងកិច្ចប្រឹងប្រែងសន្តិភាពរបស់សហរដ្ឋអាមេរិក។
លោក Yuri Ushakov ជាទីប្រឹក្សារបស់លោក ពូទីន បានឱ្យដឹងថា មានការអញ្ជើញលោក ត្រាំ ជាផ្លូវការឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ក្រោយជំនួបជាមួយលោក ពូទីន នៅរដ្ឋអាឡាស្កា។
ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមាន វិញ លោក ដូណាល់ ត្រាំ មិនទាន់បានជួបមុខលោក ពូទីន ដោយផ្ទាល់នៅឡើយ។ ភាគច្រើន លោកបានជួបលោក ពូទីន តាមទូរសព្ទ។
អ្នកសង្កេតការណ៍បានហៅជំនួបកំពូល ត្រាំនិងពូទីន នៅថ្ងៃទី១៥ សីហា ក្នុងសប្ដាហ៍នេះ គឺជាការលុបចោលទាំងស្រុងឱសានវាទរបស់លោក ត្រាំ ដាក់ទៅលើរុស្ស៊ី ដែលបានផុតត្រឹមថ្ងៃទី៨ សីហា ដោយលោក ត្រាំ ពុំបានពោលពាក្យមួយម៉ាត់គំរាមរុស្ស៊ី ម្ដងទៀតឡើយ។ អ្នកសង្កេតការណ៍យល់ថា លោក ពូទីន អាចនៅបន្តទិញពេលវេលាពីលោក ត្រាំ បន្តទៀត ហើយសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន នៅតែបន្តឆេះថែមទៀត៕
