ចំណងជើង

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​បញ្ហា​ព្រំដែន​មិន​អាច​កែប្រែ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ដាច់ខាត

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា បញ្ហា​ព្រំដែន​មិន​អាច​កែប្រែ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ជាដាច់ខាត ប៉ុន្តែ​ត្រូវតែ​ដោះស្រាយ​ដោយ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ ខណៈ​កម្ពុជា​ប្រកាន់​គោលការណ៍​សន្តិភាព​ជា​ធំ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១១ សីហា នេះ​ថា គោលជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា គឺ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ប្រកាន់​គោលការណ៍​សន្តិភាព​ជា​ធំ ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់។

ប្រភព​ដដែល​បន្ត​ថា កម្ពុជា​ក៏​សង្ឃឹម​ថា​ភាគី​ថៃ នឹង​ប្រកាន់​គោលជំហរ​ដោយ​ភាព​ស្មោះត្រង់​ដែរ ក្នុង​ការ​ឈាន​ទៅ​បញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា ដើម្បី​ស្ដារ​មក​វិញ​នូវ​សន្តិភាព ប្រក្រតីភាព និង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​រស់នៅ​ក្នុង​សុខ​សន្តិភាព។

ក្រសួង​ការពារ​ជាតិ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ មិន​ត្រឹមតែ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​តាមរយៈ​សកម្មភាព​ជាក់ស្ដែង​ផង​ដែរ ដោយ​បញ្ឈប់​រាល់​អំពើ​រំលោភ​បំពាន​ទាំងឡាយ និង​រុះរើ​បន្លា​លួស​ដែល​ខ្លួន​បាន​លួច​ដាក់​នោះ ចេញ​ឲ្យ​អស់​ជាបន្ទាន់​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​១០ ខែ​សីហា សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថា លោក​សូម​សន្យា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ថៃ ថា ខ្លួន​នឹង​ទាមទារ​យក​ប្រាសាទ​តាក្របី និង​បិទ​ប្រាសាទ​តាមាន់ធំ ឱ្យ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ មុន​ចូល​និវត្តន៍​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៥ នេះ។

មេបញ្ជាការ​ថៃ រូប​នេះ​អះអាង​ថា នៅ​សល់​តែ ៥១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក​នឹង​ចូល​និវត្តន៍​ហើយ ដូច្នេះ​ក្នុង​រយៈពេល ១​ខែ ២១​ថ្ងៃ​នេះ លោក​នឹង​ខិតខំ​ទាមទារ​យក​ប្រាសាទ​តាក្របី មក​គ្រប់គ្រង​ដោយ​កងទ័ព​ថៃ វិញ​ឱ្យ​បាន ហើយ​នឹង​បិទ​ប្រាសាទ​តាមាន់ធំ ឱ្យ​បាន​ថែមទៀត។

មេ​យោធា​ភូមិភាគ​២ របស់​ថៃ រូប​នេះ អះអាង​ថា ក្នុង​សង្គ្រាម​រយៈពេល ៥​ថ្ងៃ​ជាមួយ​កងទ័ព​កម្ពុជា យោធា​ថៃ បាន​ប្រឹង​វាយ​ដណ្តើម​កាន់កាប់​ប្រាសាទ​តាក្របី យ៉ាង​ខ្លាំងក្លា​បំផុត​ចំនួន ៤​លើក ដោយ​ប្រើ​រយៈពេល ៤​ថ្ងៃ ចេញពី​សមរភូមិ​ប្រយុទ្ធ​ចំនួន ១១​កន្លែង ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​កងទ័ព​កម្ពុជា​ទប់ទល់​ជាប់ ដែល​ក្នុង​នោះ​ក៏​មាន​ចម្ការ​មីន​ផង​ដែរ។

ក្រោយ​ការ​អះអាង​របស់​ថៃ បាន​ប៉ុន្មាន​ម៉ោង ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទាំង​យប់​ថ្ងៃទី​១០ ខែ​សីហា ថា យោង​តាម​ការ​អះអាង​របស់​មេបញ្ជាការ​យោធភូមិភាគ​២ របស់​ថៃ រូប​នេះ គឺជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន​ក្នុង​ការ​បញ្ជាក់​ពី​ការ​បង្ក​ហេតុ និង​ជា​ការ​ប៉ុនប៉ង​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ចេតនា និង​គិត​ទុក​ជា​មុន។

កាលពី​ថ្ងៃទី​៧ ខែ​សីហា កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវ​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច ដើម្បី​ធានា​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី​១១ សីហា នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី អំពាវនាវ​ឱ្យ​ថៃ អនុវត្ត​ឱ្យ​បាន​ពេញលេញ​ចំពោះ​កិច្ចព្រមព្រៀង ១៣​ចំណុច ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC)។ ក្រសួង​ការបរទេស​កម្ពុជា សង្ឃឹម​ថា ភាគី​ថៃ នឹង​គោរព​បាន​នូវ​ចំណុច​ដែល​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ជាពិសេស​ចំណុច​ទី​២ ដែល​បាន​ចែង​ថា ភាគី​ទាំង​ពីរ​មិន​ត្រូវ​ចល័ត​កងទ័ព​របស់​ខ្លួន រាប់​បញ្ចូល​ទាំង​ការ​មិន​ដើរ​ល្បាត​ហួស​ពី​ទីតាំង​របស់​ខ្លួន​ដែល​ឈរជើង​ឡើយ៕