ចំណងជើង

ព្រះសង្ឃ​ខ្មែរ​ជាង​២​ពាន់​អង្គ​ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព​ថ្លែង​អំណរគុណ​លោក ដូណាល់ ត្រាំ

ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ថ្លែង​អំណរគុណ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) សម្រាប់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្នើ​ឱ្យ​ថៃ ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់។

កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥ ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ (២៥៦៩​អង្គ) និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ បាន​ជួបជុំ​ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ដើម្បី​ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍​រវាង​កម្ពុជា-ថៃ ដោយ​ដង្ហែ​ចេញពី​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ឆ្ពោះ​ទៅ​កាន់​វិមាន​ឯករាជ្យ។

ក្នុង​ពិធី​ដង្ហែ​ធម្មយាត្រា​នេះ សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉ន សេងយៀត ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម មាន​ថេរៈ​ដីកា​ថា កម្ពុជា​ត្រូវការ​សន្តិភាព ស្ថិរភាព សុវត្ថិភាព​ជា​និរន្តរ៍ ព្រោះ​សន្តិភាព​ជា​ឫសគល់​នៃ​ការ​អភិវឌ្ឍ​ទាំងអស់។

តំណាង​ព្រះសង្ឃ​នៃ​ធម្មយាត្រា​សន្តិភាព​អង្គ​នេះ លើកឡើង​ថា ដោយ​មើល​ឃើញ​អំពី​សារសំខាន់​នៃ​សន្តិភាព គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ បាន​សុំ​បិណ្ឌបាត​ភាគី​ថៃ ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ និង​សុំ​បិណ្ឌបាត​ភាគី​ថៃ ឱ្យ​ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​រូប ដែល​យោធា​ថៃ បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ផង​ដែរ។

ព្រះអង្គ​បន្ថែម​ថា ការ​បិណ្ឌបាត​នេះ គឺ​ដោយសារតែ​ប្រទេស​ទាំង​ពីរ​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដូច​គ្នា ហើយ​ក៏​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​សេចក្តី​សុខ​ក្សេមក្សាន្ត​ត្រជាក់ត្រជំ​ដល់​ប្រជាជាតិ​ខ្មែរ និង​សកលលោក​ទាំងមូល។

ជុំវិញ​បញ្ហា​នេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក មកពី​ជាង ៣០​រដ្ឋ កាលពី​ថ្ងៃទី​១០ ខែ​សីហា ក៏​បាន​ធ្វើ​ពិធី​ដង្ហែ​ធម្មយាត្រា​ដើម្បី​សន្តិភាព ស្នើសុំ​ភាគី​ថៃ គោរព​បទ​ឈប់​បាញ់ និង​ដោះលែង​ជាបន្ទាន់​នូវ​វីរ​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ផង​ដែរ។

សង្គ្រាម​កម្ពុជា-ថៃ បាន​រំលត់​ទៅវិញ​ក្រោម​បទ​ឈប់​បាញ់​ដោយ​មាន​ការ​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​ប្រធាន​អាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៧ ខែ​សីហា កន្លង​ទៅ។

កាលពី​ថ្ងៃទី​១០ សីហា មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ ប្រចាំ​ការ​ប្រាសាទ​តាមាន់ធំ ឧត្តមសេនីយ៍ត្រី នាក់ វង្ស បាន​ប្រាប់​ក្រុម​អនុព័ន្ធយោធា​បរទេស​ថា យោធា​ថៃ បាន​ប្រើប្រាស់​គ្រាប់​ចំពាម​កៅស៊ូ​បាញ់​មក​លើ​កងទ័ព​កម្ពុជា ចំនួន ១០០​គ្រាប់ កាលពី​យប់​ថ្ងៃទី​៩ ខែ​សីហា ចូល​លេណដ្ឋាន​ទាហាន​ខ្មែរ ខណៈ​ទាហាន​ខ្មែរ​មិន​មាន​ការ​តបត​អ្វី​នោះ​ឡើយ។ ជុំវិញ​ជម្លោះ​កម្ពុជា-ថៃ នា​ពេលនេះ អភិបាលរង​ខេត្ត​ព្រះវិហារ លោក គឹម ចាន់បញ្ញា អះអាង​កាលពី​ថ្ងៃទី​១០ សីហា ថា ចាប់តាំងពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៤ កក្កដា មក ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ជាង ១​ម៉ឺន​គ្រួសារ (១១៨១៧​គ្រួសារ) ស្មើ​នឹង​មនុស្ស​ជិត ៤​ម៉ឺន​នាក់ (៣៩៣១១​នាក់) បាន​ភៀស​ខ្លួន ដែល​ក្នុង​នោះ​ក៏​មាន​ស្ត្រី​ជាង ២​ម៉ឺន​នាក់​ផង​ដែរ (២០៩០៥​នាក់)៕