ចំណងជើង

រដ្ឋសភា បញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព

ព្រឹកថ្ងៃទី១៨ សីហា ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា រួមទាំងសមាជិកគណៈកម្មាការជំនាញនានា បានចូលរួមពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ដែលស្ថិតក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ កិច្ចពិភាក្សានេះធ្វើឡើងជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បង្កប់ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ កម្ពុជាបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣–២០២៨ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ព្រមទាំងពង្រឹងទំនាក់ទំនងអន្តរជាតិ ស្វែងរកធនធានក្រៅប្រទេសដើម្បីគាំទ្រការអភិវឌ្ឍជាតិ។

បន្ទាប់ពីកម្ពុជាចូលជារដ្ឋភាគី កិច្ចព្រមព្រៀងនេះនឹងបណ្តាលឲ្យមានកាតព្វកិច្ចចម្បងៗ រួមទាំងការបង់វិភាគទានជារដ្ឋភាគី (តិចជាងប្រទេសអភិវឌ្ឍន៍) និងការចូលរួមសកម្មក្នុងសកម្មភាពអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រក្រៅដែនយុត្តាធិការជាតិ។ ការចូលរួមនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ តំបន់ និងវិស័យពាក់ព័ន្ធ។

សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍លើកកម្ពស់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ដោយជួយពង្រឹងកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការគ្រប់គ្រងធនធានសមុទ្រ ការចែករំលែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងទិន្នន័យឌីជីថលសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងសរសើរទៅកាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានខិតខំរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ។ គណៈកម្មាការជំនាញរដ្ឋសភា បានសម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល និងនឹងធ្វើរបាយការណ៍ដាក់សម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំទាំងអស់នាពេលខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ សីហា ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់នេះឲ្យគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន សហការជាមួយគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម នេសាទ បរិស្ថាន និងឧតុនិយម ដើម្បីពិនិត្យពិភាក្សា។