ចំណងជើង

ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយ អ្នកស្រីបណ្ឌិត សាង លី នាយិកា WWF តំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ, ១៥ កញ្ញា ២០២៥ – ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត សាង លី (Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ World Wide Fund for Nature (WWF) និងសហការី នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះតួនាទីសកម្មរបស់អង្គការ WWF ក្នុងការគាំទ្រការងារអភិរក្សជីវចម្រុះ និងបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង។ ពិសេស បានផ្ដោតលើ ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិដ៏មានតម្លៃសម្រាប់កម្ពុជា និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអង្គការ WWF បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យការងារអភិរក្សទទួលបានលទ្ធផលប្រសើរឡើងទៀត បង្កើនទំនុកចិត្ត និងសម្លេងតែមួយ ក្នុងគោលដៅសហរដ្ឋភាពសម្រាប់ការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕